ប្រសិនបើអ្នកសម្លឹងទៅលើជម្លោះរវាងប្រធានាធិបតីជាប់ឆ្នោតលោក
ដូណាល់ ត្រាំ
និងក្រុមស៊ើបការណ៍សម្ងាត់អាមេរិកក្រោមការដឹកនាំរបស់លោក អូបាម៉ា
អំពីការចោទប្រកាន់ថារុស្ស៊ីបានលួចចូលក្នុងទិន្នន័យបោះឆ្នោតរបស់អាមេរិកដែលរុស្ស៊ីហាក់មានទំនោរទៅរកលោក
ត្រាំ
នោះវាអាចជួយបានច្រើនបំផុតដើម្បីស្រាវជ្រាវពីប្រវត្តិសាស្ត្រ
និងតម្រុយមួយចំនួនដែលអាចពន្យល់បានថា
តើប្រធានាធិបតីជាប់ឆ្នោតអាចក្លាយទៅជាសត្រូវរបស់ភ្នាក់ងារចារកម្ម
CIA ឬយ៉ាងណា?
នៅក្នុងឆ្នាំ ១៩៥០ លោកប្រធានាធិបតី Truman
បានតែងតាំងនាយទាហានមួយរូបគឺនាយឧត្តមសេនីយ៍ Walter Bedell Smith
ឲ្យធ្វើប្រធានភ្នាក់ងារស៊ើបការណ៍សម្ងាត់ CIA ភ្លាមៗ
បន្ទាប់ពីការលុកលុយរបស់កូរ៉េខាងត្បូង។
ភ្នាក់ងារ CIA
ត្រូវបានបង្កើតឡើងដោយផ្នែកជាមួយច្បាប់សន្តិសុខជាតិឆ្នាំ ១៩៤៧
ពីព្រោះអាមេរិកមិនបានត្រៀមខ្លួនសម្រាប់ការវាយប្រហាររបស់ជប៉ុនលើកំពង់ផែ
Pearl Harbor នោះទេ។
បន្ទាប់ពីសង្គ្រាមលោកលើកទី ២ បានបញ្ចប់ និងឈានចូលឆ្នាំ
១៩៥០
សហរដ្ឋអាមេរិកមានក្តីរីករាយចំពោះឥទ្ធិពលរបស់ខ្លួននៅទូទាំងពិភពលោក
និងកិត្យានុភាពដែលសម្រេចបានជាលទ្ធផលនៃការចំណាយដ៏ធំធេងរបស់មនុស្ស
និងទ្រព្យសម្បត្ដិក្នុងសង្គ្រាមលោកលើកទី ២
ដើម្បីធ្វើឲ្យអាល្លឺម៉ង់ និងជប៉ុនបរាជ័យ។
ភ្នាក់ងារ CIA នៅដើមទសវត្សរ៍ឆ្នាំ ១៩៥០
មិនត្រឹមតែបារម្ភអំពីឥទ្ធិពលនៃការគំរាមកំហែងពីសហភាពសូវៀតក្នុងទ្វីបអឺរ៉ុបប៉ុណ្ណោះទេ
ប៉ុន្តែក៏បារម្ភផងដែរពីការសាបព្រោះលទ្ធិកុម្មុយនីស្តក្នុងពិភពលោកទាំងមូល។
លោក Truman បានយកលោក Walter Bedell Smith
ចូលមកព្រោះលោកគឺជាឧត្តមសេនីយ៍យោធាកំពូលម្នាក់របស់លោក Eisenhower
ក្នុងសង្គ្រាមលោកលើកទី ២ ដើម្បីស្តារសណ្តាប់ធ្នាប់របស់ភ្នាក់ងារ
CIA ឡើងវិញ។
អ្នកប្រាជ្ញសម័យទំនើបបានបង្ហាញថាសហភាពសូវៀតមិនដែលមានឱកាសប្រឆាំងនឹងអំណាចដ៏ធំធេងដែលស្ថិតក្រោមការគ្រប់គ្រងរបស់អាមេរិកទេហើយភាសានៃសង្គ្រាមត្រជាក់ត្រូវបានគេផ្សព្វផ្សាយក្នុងផ្នែកដ៏ទូលាយជាច្រើនដើម្បីគាំទ្រមេដឹកនាំនៃប្រជាជាតិនីមួយៗក្នុងការគ្រប់គ្រងចំនួនប្រជាជនពួកគេតាមរយៈការខ្លាចរអាគ្នាទៅវិញទៅមក។
របត់ដ៏សំខាន់មួយបានមកដល់ជាមួយនឹងសង្គ្រាមវៀតណាមនៅពេលដែលអ្នកស៊ើបការណ៍សម្ងាត់ទទួលបានការបណ្តុះបណ្តាលយ៉ាងល្អ
និងមានឧត្តមគតិខ្ពង់ខ្ពស់របស់ភ្នាក់ងារ CIA
ត្រូវបានអនុវត្តក្នុងជីវិតជាក់ស្តែង
និងត្រូវប្រឈមជាមួយស្ថានភាពដ៏គ្រោះថ្នាក់នៅវៀតណាមខាងត្បូងហើយអ្នកដែលហ៊ានប្រឈមនឹងគ្រោះថ្នាក់នោះត្រូវបានគេបាញ់សម្លាប់រៀងរាល់ថ្ងៃ
ខណៈចលនាប្រឆាំងសង្គ្រាមនៅអាមេរិកចាប់ផ្តើមមានកាន់តែច្រើនឡើងៗ។
វាបានក្លាយជារឿងដែលមិនអាចទៅរួចសម្រាប់អ្នកនយោបាយអាមេរិកក្នុងការបន្តគាំទ្រសង្គ្រាមនោះ។
ការទទួលជ័យជម្នះសម្រាប់ចលនាសន្តិភាពប៉ាស៊ីហ្វិកគឺវាមានន័យថាជាការបរាជ័យដ៏ធ្ងន់បំផុតសម្រាប់បុគ្គលិករដ្ឋាភិបាលដែលជាឧបករណ៍នយោបាយអាមេរិកព្រោះពួកគេមានភាពអង់អាចក្លាហានជម្នះរាល់ការលំបាកនៃសោកនាដកម្ម
និងទុក្ខព្រួយនៃសង្គ្រាមនេះហើយដែលផលប៉ះពាល់មានរហូតដល់សព្វថ្ងៃ
(រួមទាំងក្រុមគ្រួសាររបស់ខ្ញុំផ្ទាល់ផង)។
វាជាពេលវេលាដែលមេដឹកនាំពិតប្រាកដរបស់អាមេរិកគឺ ១
ភាគរយនៃគ្រួសារដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភ
និងសាជីវកម្មឧស្សាហកម្មយោធាពួកគេគឺជាម្ចាស់
និងជាអ្នកត្រួតត្រាដោយគេដឹងថាអ្នកណាជាសត្រូវពិតប្រាកដរបស់ខ្លួនហើយមានតែពលរដ្ឋអាមេរិកប៉ុណ្ណោះនៅក្នុងពិភពលោកនេះដែលធ្វើឲ្យផែនការពួកគេមិនអាចសម្រេចបាន។
អ្នកស៊ើបការណ៍សម្ងាត់ទាំងអស់នោះជាអ្នកដែលបានប្រថុយជីវិតក្នុងប្រទេសវៀតណាមដែលពួកគេមានអារម្មណ៍ថាខ្លួនត្រូវបានក្បត់ដោយប្រជាជនខ្លួនឯងក្នុងប្រទេសកំណើតហើយអ្នកស៊ើបការណ៍សម្ងាត់មួយចំនួនទៀតក្នុងចំណោមពួកគេដូចជាលោក
Daniel Ellsberg
ដែលក្រោយមកប្រែទៅប្រឆាំងនឹងសង្គ្រាមនោះវិញត្រូវបានគេចោទប្រកាន់ថាក្បត់។
ការបង្ហាញរបស់លោក Ellsberg
ពីយុទ្ធសាស្ត្រសម្ងាត់បានធ្វើឲ្យលោកប្រឈមនឹងហានិភ័យខ្លាំងបំផុតសម្រាប់ខ្លួនឯងដោយបានបង្ហាញពីអ្វីដែលអ្នករៀបចំផែនការយោធារបស់អាមេរិកបានសរសេរថាបាទ!
អ្នកអាចបន្តធ្វើសង្គ្រាមនៅវៀតណាមបានប៉ុន្តែអ្នកត្រូវការកងទ័ពជាច្រើន
និងកងពលបន្ថែមទៀតនៅអាមេរិកដើម្បីបង្ក្រាបការបះបោរដែលអាចកើតមាន
ប្រសិនបើអ្នកបន្តធ្វើសង្គ្រាម។
វាពិតជាមានប្រយោជន៍ខ្លាំងណាស់ពេលសម្លឹងទៅលើភ្នាក់ងារ CIA
សព្វថ្ងៃនេះអមជាមួយនឹងប្រវត្តិរបស់វាដែលយើងបានដឹងដោយសារភ្នាក់ងារមានជំនាញពិតប្រាកដក្នុងបច្ចេកទេសនេះក៏ដូចជាកិច្ចការចារកិច្ចដទៃទៀតគឺអ្នកដែលដឹងថាសត្រូវពិតរបស់ពួកគេជានរណា?
ទូរទស្សន៍បានផ្សព្វផ្សាយពីសង្គ្រាមដ៏បង្ហូរឈាម
និងឃោរឃៅនៅវៀតណាមដែលទីបំផុតអាមេរិកបានចាញ់សង្គ្រាមនោះយ៉ាងអាម៉ាស់ហើយវាបានបង្កើតនូវលក្ខខណ្ឌជាច្រើនសម្រាប់គោលនយោបាយការបរទេសអាមេរិកដែលត្រូវជំរុញឲ្យមានរឿងរ៉ាវជាច្រើនដូចដែលយើងបានឃើញរហូតដល់សព្វថ្ងៃ។
លោកប្រធានាធិបតី រីហ្គែន
មិនបានស្នើឱ្យមានការជជែកគ្នាជាសាធារណៈពីប្រតិបត្ដិការរបស់អាមេរិកក្នុងការប្រឆាំងរបបកុម្មុយនីស្តណាមួយឲ្យបានច្រើនជាងលោក
George W Bush នោះទេ។ លោក Bush
បានលុកលុយប្រទេសអ៊ីរ៉ាក់នៅក្នុងឆ្នាំ ២០០៣។ រដ្ឋបាលលោក Bush
បានចំណាយលុយរាប់រយលានដុល្លារវាយលុកប្រទេសអ៊ីរ៉ាក់ជាមួយក្រុមហ៊ុនទំនាក់ទំនងសាធារណៈមួយចំនួនដូចជាការប្រកួតកីឡាបាល់ទាត់ជាដើមដែលគ្រប់ការប្រកួតបើកឆាកនីមួយៗបើអ្នកអង្គុយញុំាពោតលីងហើយទស្សនាការប្រកួតនោះអ្នកនឹងឃើញចំណងជើងគេសរសេរថា
«សង្គ្រាមនៅអ៊ីរ៉ាក់»។
ពួកមេដឹកនាំនៃកងឧស្សាហកម្មយោធាបានរៀនមេរៀនរបស់ពួកគេជាច្រើនពីប្រទេសវៀតណាមហើយពួកគេបានដឹងរួចហើយថាសាធារណជននឹងប្រឆាំងពួកគេ។
កិច្ចខិតខំប្រឹងប្រែងគឺដើម្បីពិភាក្សាគ្នាក្នុងបំណងចៀសវាងមិនឲ្យកើតមានឡើងវិញនូវអ្វីដែលធ្លាប់បានកើតនៅវៀតណាម
និងជំនួសមកវិញដោយការទទួលខុសត្រូវខ្ពស់។
ជាច្រើនឆ្នាំកន្លងទៅលោកស្រី Amy ដែលជាកូនស្រីប្រធានាធិបតី Jimmy
Carter ហាក់បានបង្ហាញសញ្ញាមួយប្រឆាំងនឹងភ្នាក់ងារ CIA
ខណៈឪពុកលោកស្រីកំពុងកាន់តំណែងនៅសេតវិមាន។
តើរឿងនេះបានប្រាប់អ្នកពីអ្វី?
តើវាបានកើតឡើងយ៉ាងដូចម្តេចដែលថាប្រធានាធិបតីយើងបានក្លាយជាមនុស្សភ័យខ្លាចចំពោះភ្នាក់ងារចារកម្មរបស់ខ្លួនយ៉ាងដូច្នេះ?
អ្នកកាសែតអូស្ត្រាលីដ៏ល្បីល្បាញម្នាក់គឺលោក Phillip Knightley
ដែលបានស្លាប់កាលពីចុងឆ្នាំមុនធ្លាប់បានរៀបរាប់ពីការពិតដូចគ្នានេះដែរក្នុងចំណោមកិច្ចការចារកិច្ចនៃប្រទេសនីមួយៗហើយវាមិនជាបញ្ហាអ្វីទេប្រសិនបើវាជាភ្នាក់ងារ
KGB ឬ CIA
ឬសូម្បីតែសេវាសន្តិសុខផ្លូវការរដ្ឋរបស់អាល្លឺម៉ង់ខាងកើតក្ដី។
សត្រូវធំបំផុតរបស់ចារកិច្ច (អ្នកស៊ើបការណ៍សម្ងាត់)
គឺជាអង្គការរបស់ពួកគេផ្ទាល់។
លោក Knightley បានប្រាប់ខ្ញុំពីជីវិតដ៏សោកសៅរបស់ភ្នាក់ងារ KGB
ដែលពួកគេចៀសមិនរួចនៅពេលជួបព័ត៌មានរសើបខ្លាំងព្រោះវាអាចធ្វើឲ្យបាត់បង់អាជីពរបស់ខ្លួនហើយភាគច្រើនគឺពួកគេស្ថិតក្នុងកណ្តាប់ដៃថ្នាក់លើផ្ទាល់តែម្តង។
គ្មានអ្វីត្រូវឆ្ងល់ទេដែលលោក ត្រាំ
មិនទុកចិត្តភ្នាក់ងារស៊ើបការសម្ងាត់ CIA នោះ។
ហេតុអ្វីបានគាត់មិនទុកចិត្ត? អតីតប្រធាន CIA លោក Leon Panetta
និងលោក Mike Morrell សុទ្ធតែបានវាយប្រហារលោក ត្រាំ ដោយបើកចំហ
និងបានគាំទ្រលោកស្រី ហ៊ីឡារី ក្នុងពេលបោះឆ្នោតតាមរយៈអត្ថបទកាសែត
និងសុន្ទរកថាផ្សេងៗ។
ពួកគេខំធ្វើការទាំងយប់ទាំងថ្ងៃដើម្បីលាបពណ៌លោក ត្រាំ
ថាលោកជាមនុស្សគ្មានបទពិសោធ
ឬមើលងាយស្ត្រីភេទជាដើមគឺពួកគេប្រើយុទ្ធសាស្ត្រដូចគ្នាបេះបិទនឹងការបោះឆ្នោតអាមេរិកដែលជាទម្លាប់
CIA ប្រើនៅក្រៅប្រទេសដើម្បីពិនិត្យការបោះឆ្នោតនៅបរទេស។
ពួកគេក៏បានកេណ្ឌសហគមន៍ស៊ើបការណ៍សម្ងាត់ធំៗក្នុងកិច្ចខិតខំប្រឹងប្រែងដ៏ខ្លាំងមួយរួមមានទាំងប្រព័ន្ធផ្សព្វផ្សាយ
និងកាសែតផងដែរដើម្បី «គ្រប់គ្រងព័ត៌មាន»
ក្នុងអ្វីដែលពួកគេគិតថាជាជ័យជម្នះមួយយ៉ាងធំសម្រាប់លោកស្រី
ហ៊ីឡារី
ដែលពួកគេជឿថាវាអាចធានាបាននូវការបន្តអាជីពរបស់ពួកគេផ្ទាល់តាមរបៀបកិច្ចការរបស់ភ្នាក់ងារ
០០៧ ជាមួយនឹងថវិកាសប្បុរសសម្ងាត់របស់រដ្ឋាភិបាល។
ការបោកបញ្ជោតរដ្ឋាភិបាលបរទេសឥតឈប់ឈរ
និងការធានាបន្តឥរិយាបថរបស់ពួកគេដែលជាក្រុមមនុស្សក្រអឺតក្រទមគិតថាខ្លួនឯងត្រឹមត្រូវដែលខំបង្ហាញពីភាពថ្លៃថ្នូរមិនគិតប្រយោជន៍ផ្ទាល់ខ្លួន
និងជាអ្នកស្នេហាជាតិជាដើម។
ជាមួយនឹងសេណារីយោរបស់ភ្នាក់ងារ ០០៧
គឺថាខ្សែភាពយន្តផ្នែកស៊ើបអង្កេតជែមស៍ប៊នគឺជារឿងប្រឌិត។
រឿងពិតប្រាកដនៃកិច្ចការចារកម្មគឺវាសាមញ្ញជាងសោកនាដកម្ម
និងការឈឺចាប់ដូចជាការក្បត់
និងការបោកបញ្ឆោតដែលបំផ្លាញជីវិតអ្នកដែលគេបោកនោះ។
ភ្នាក់ងារតម្រូវឱ្យជ្រើសរើស «ទ្រព្យសកម្ម» នៅក្រោមលេសមិនពិត
(ភូតកុហក និងធ្វើពុតជាមិត្តភក្តិពួកគេ)
ហើយគិញសម្ងាត់ត្រូវបានបង្រៀនមិនឱ្យខ្វល់ខ្វាយពីការបញ្ជូនអ្នកដែលមានចេតនាល្អ
និងមិនល្អទៅរកសេចក្តីស្លាប់របស់ពួកគេនោះទេ។
អ្វីៗត្រូវបានសន្មតថា «គ្មានបញ្ហា»
ទេពីព្រោះវាពាក់ព័ន្ធនឹងបញ្ហា «សន្ដិសុខជាតិ» ជាកន្លែងដែល
«ជីវិតប្រឈមនឹងគ្រោះថ្នាក់»។
អតីតប្រធាន CIA លោក George Tenet ដែលប្រឈមនឹងរឿងប្រឌិតពី
«អាវុធមហាប្រល័យ»
ជាលេសមួយដើម្បីវាយលុកប្រទេសអ៊ីរ៉ាក់ក្នុងឆ្នាំ ២០០៣
នោះបាននិយាយថាវាជាការ «រុញបាល់ចូលសំណាញ់» ដោយប្រើ
«ការជ្រើសរើសហ្មត់ចត់» និងកុហក។ «អ្នកស៊ើបការណ៍សម្ងាត់»
ដើម្បីមេ និងប្រធានាធិបតីរបស់គាត់គឺលោក George W Bush។
យើងបានរៀនមេរៀនពីរឿងនោះយ៉ាងហោចណាស់បានពីផ្នែកខ្លះនៃការងាររបស់ប្រធានCIA
ដែលបានបង្ហាញព័ត៌មានប្រឌិតដើម្បីគាំទ្រនូវអ្វីៗដែលប្រធានាធិបតីត្រូវការដើម្បីអនុវត្តរបៀបវារៈផ្ទាល់ខ្លួនហើយញឹកញាប់បំផុតសម្រាប់ហេតុផលនយោបាយ។
វាជាសកម្មភាពពិសេសរបស់ CIA
ដែលបានប្រឌិតការវាយប្រហារដោយទូកប្រដាប់អាវុធពីវៀតណាមខាងជើងក្នុងឈូងសមុទ្រតុងកឹងដើម្បីតាំងមូលដ្ឋានសម្រាប់កងទ័ពអាមេរិករាប់ពាន់នាក់
(រួមទាំងឪពុកខ្ញុំ) នៅទីនោះផង។
ដូច្នេះកុំឲ្យឆ្ងល់អំពីរបៀបដែលប្រធានាធិបតីប្រើប្រាស់ភ្នាក់ងារ
CIA ជាឧបករណ៍រេចរឹលសម្រាប់បញ្ចប់បញ្ហានយោបាយផ្ទាល់ខ្លួននោះ។
តើឲ្យលោក ត្រាំ ជឿទុកចិត្តការិយាល័យភ្នាក់ងារស៊ើបការណ៍សម្ងាត់
CIA នៅក្នុងប្រព័ន្ធរដ្ឋាភិបាលអាមេរិកដូចម្តេច?
តាមគំនិតរបស់ខ្ញុំលោក ត្រាំ
គិតត្រឹមត្រូវដែលអំពាវនាវឱ្យមានការកែលម្អ
និងផ្លាស់ប្តូរប្រព័ន្ធទាំងមូលដើម្បីរលាស់ចេញអ្នកលម្អៀង
និងអ្នកដែលរងឥទ្ធិពលនយោបាយខ្លាំងដើម្បីធ្វើឲ្យបុគ្គលិកមន្ត្រីរដ្ឋការសហរដ្ឋអាមេរិកទាំងអស់ឈរលើបន្ទាត់នៃកម្មវត្ថុរដ្ឋបាលថ្មីមួយ។
ប្រសិនបើគេមិនពេញចិត្តពួកគេអាចឈប់ពីភ្នាក់ងារ CIA បាន។
មេដឹកនាំក្រុមសំឡេងភាគតិចព្រឹទ្ធសភាលោក Chuck Schumer
បានចេញសារព្រមានជាសាធារណៈមួយនៅក្នុងការឆ្លើយតបទៅនឹងការថ្លែងរបស់លោក
ត្រាំ
ពីរបៀបដែលគាត់មិនចាប់អារម្មណ៍ជាមួយនឹងការស៊ើបការណ៍សម្ងាត់មួយនេះ។
លោកបញ្ជាក់ថា៖
«ខ្ញុំសូមប្រាប់អ្នកថាអ្នកមិនពេញចិត្តជាមួយនឹងសហគមន៍ស៊ើបការណ៍សម្ងាត់នេះ
ប៉ុន្តែពួកគេមានវិធីសាស្ត្រចំនួន ៦
ដើម្បីឆ្លើយតបទៅកាន់អ្នកវិញ»។
ចំណុចនេះវាគ្រាន់តែមានន័យថាលោក ត្រាំ
អ្នកគួរធ្វើកំណែទម្រង់ភ្នាក់ងារស៊ើបការណ៍សម្ងាត់ CIA
ខណៈគាត់ជាបុគ្គលដែលមានអាទិភាពខ្ពស់
និងសំខាន់បំផុតដាច់ខាតពីព្រោះគាត់នឹងចូលមកដឹកនាំសហរដ្ឋអាមេរិកក្នុងពេលឆាប់ៗខាងមុខនេះ។
ប្រសិនបើវាជាការពិតដែលថាក្រុម CIA
បានជាប់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀនជាសកលហើយប្រសិនបើមានភ័ស្តុតាងគាំទ្រដល់និក្ខេបបទនេះ
នោះវាអាចជាការពិតដែលថាលុយរាប់ពាន់លានដុល្លាររកបានពីសកម្មភាពសម្ងាត់ហើយឥឡូវវាស្ថិតក្នុងគណនីដែលទទួលទិន្នផលនៃសាច់ប្រាក់សម្ងាត់ដើម្បីផ្តល់មូលនិធិដល់ប្រភេទនៃប្រតិបត្ដិការដែលពួកគេគិតថាធ្វើក្នុងនាមការពារជាតិមាតុភូមិ
ឬសម្រាប់សន្តិសុខជាតិជាដើម។
វាប្រហែលជាកន្លែងដែលការអួតអាងលេចចេញមកនោះឯងហើយអាចជាគំនិតដែល
CIA មិនខ្វល់ថាអ្នកណាជាប្រធានាធិបតីនោះ។
គ្មានអ្នកណាអាចប៉ះពាល់យើងបានទេយើងមានលុយផ្ទាល់ខ្លួនរបស់យើងការត្រួតត្រាគ្មានដែនកំណត់
និងជំនាញល្បិចកលដ៏កខ្វក់ហើយយកល្អអ្នកគួរកោតខ្លាចយើង
បើមិនដូច្នេះទេយើងនឹងតាមអង្កេតអ្នកដែរ។
ប្រសិនបើអ្នកជាប្រធានាធិបតីជាប់ឆ្នោតថ្មី
តើអ្នកចង់ទទួលបានមរតកជាប្រភេទនៃការប្រឈមនឹងការគំរាមកំហែងពីការិយាធិបតេយ្យដែលផ្តល់មូលនិធិសម្ងាត់ដោយខ្លួនឯងឬទេ?
ខ្ញុំមិនដឹងថា
តើវាជារឿងត្រឹមត្រូវដែរឬទេដែលប្រព័ន្ធសន្ដិសុខជាតិទាំងមូលជ្រាបចូលទៅក្នុងកងយោធាអាមេរិក
ប៉ុន្តែវាគ្រាន់តែជាការគិតប៉ុណ្ណោះ។
នៅពេលដែលអ្នកចូលរួមជាមួយយោធាអាមេរិកគឺពួកគេគ្រប់គ្រងអ្នកដូចជាទ្រព្យសម្បត្ដិរហូតដល់ពេលអ្នកត្រូវបានរំសាយ។
វាស្ថិតនៅក្នុងបរិយាកាសមួយសមរម្យបន្តិចសម្រាប់កិច្ចការសម្ងាត់ជាងការប្រគល់ពួកគេទៅឱ្យមេធាវីស៊ីវិលដែលមិនល្អ។
ក្រៅពីនេះទៀត
តើវាមិនមែនជារឿងល្អប្រសើរសម្រាប់ទាំងប្រជាជនអាមេរិក
និងប្រជាជននៃប្រទេសទាំងអស់ទេ ឬអីជាពិសេសសម្ព័ន្ធមិត្ត
ឬសត្រូវដែលមានសក្តានុពល
ប្រសិនបើអាមេរិកមានប្រព័ន្ធស៊ើបការណ៍សម្ងាត់មួយដែលស្ថិតនៅក្រោមការត្រួតពិនិត្យរបស់មេដឹកនាំរបស់ខ្លួននោះ?
យ៉ាងហោចណាស់ក៏អាមេរិកអាចមានប្រព័ន្ធឯកភាពមួយដែរ។
ប្រសិនបើអ្នកសម្លឹងត្រឡប់មើលទៅសង្គ្រាមវៀតណាមវិញភ្នាក់ងារ
CIA
មានគោលបំណងដើម្បីធ្វើឲ្យមានឥទ្ធិពលលើលទ្ធផលនយោបាយនៃប្រទេសមិនមែនកុម្មុយនីស្ត។
នៅពេលដែលភ្នាក់ងារនេះត្រូវបានរារាំងដោយចលនាប្រឆាំងសង្គ្រាម
ប៉ុន្តែជំនាញរបស់ពួកគេគឺនៅតែមានដដែល។
គោលការណ៍ និងយុទ្ធសាស្ត្រនៃការគ្រប់គ្រងចំនួនប្រជាជន
និងសង្គមនយោបាយអាចត្រូវបានអនុវត្តទៅលើយុត្តាធិការភូមិសាស្ត្រណាមួយនៅគ្រប់សម័យកាល
និងប្រហែលជាពិសេសនៅអាមេរិកផ្ទាល់តែម្តងដែលជាកន្លែងកាលពីឆ្នាំមុនអតីតប្រធាន
CIA ទាំងអស់បានព្យាយាមតែបានបរាជ័យរួចហើយ។
រឿងដ៏គួរឲ្យកត់សម្គាល់ជាងនេះទៀតគឺការកម្ចាត់លោក ត្រាំ
នៅក្នុងការបោះឆ្នោត។ មែនហើយតែឥឡូវនេះលោក ត្រាំ
ជិតក្លាយទៅជាមេរបស់ពួកគេហើយ។
ប្រសិនបើយើងសម្លឹងមើលទៅអតីតកាលថា
ហេតុអ្វីបានជាជនជាតិអាមេរិកប្រឆាំងនឹងពួកណាស៊ីអាល្លឺម៉ង់
និងបានរិះគន់ប្រឆាំងសហភាពសូវៀត?
គឺមិនមែនគ្រាន់តែប្រឆាំងពីរបៀបដែលពួកគេប្រព្រឹត្តចំពោះពលរដ្ឋខ្លួនយ៉ាងឃោរឃៅប៉ុណ្ណោះទេ
ប៉ុន្តែគឺប្រឆាំងនឹងការដែលពួកគេបាននាំចេញយ៉ាងសកម្មនូវប្រព័ន្ធដ៏ឃោរឃៅទាំងនោះទៅកាន់ពិភពលោកទាំងមូល។
ប្រភេទនៃការជិះជាន់ការតាមដាន
និងការជ្រួតជ្រាបពីរដ្ឋាភិបាលចូលទៅក្នុងជីវិតរស់នៅរបស់ប្រជាជនគឺជាអ្វីដែលប្រជាជនអាមេរិកភាគច្រើនបំផុតស្អប់ខ្ពើម។
យើងមិនអាចទ្រាំទ្រចំពោះអំពើទុច្ចរិតបានទេ។
សំខាន់ជាងនេះទៀតពួកណាស៊ីអាល្លឺម៉ង់ត្រូវបានកម្ចាត់ហើយសហភាពសូវៀតក៏បានដួលរលំផងដែរ។
តើជនជាតិអាមេរិកគួររុះរើផ្នែកខ្លះ
ឬកែប្រែរបត់សង្គ្រាមត្រជាក់ដែលអង្គការចារកម្មដ៏ធំ
និងហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធអាវុធរបស់យើងធ្លាប់ធ្វើនៅពេលសហភាពសូវៀតដួលរលំឲ្យរឹតតែមានប្រសិទ្ធភាពបន្ថែមទៀតដែលជាការឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរពិភពលោកឬយ៉ាងណា?
តើមានជម្លោះប៉ុន្មានកន្លែងដែលយើងជាប់ពាក់ព័ន្ធសព្វថ្ងៃនេះដែលត្រូវបានធ្វើឡើងជាអ្វីដែលគេហៅថាដើម្បីលក់អាវុធឬយ៉ាងម៉េច?
តើសហរដ្ឋអាមេរិកអាចធ្វើឲ្យមានការបង្វែរបន្តិចម្តងៗពីទិសដៅមិនល្អនៅឯកម្រិតស្ថាប័នមួយដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ការិយាល័យរដ្ឋាភិបាលសម្ងាត់ដែលបម្រើឱ្យផលប្រយោជន៍ខ្លួនឯងបានដែរឬទេ?
តើយើងបានបាត់បង់គុណធម៌ដ៏ខ្ពង់ខ្ពស់របស់យើងក្នុងសង្គ្រាមត្រជាក់
និងក្រោយមកក្នុងព្រឹត្តិការណ៍ថ្ងៃ ១១ ខែកញ្ញាដែរឬទេ?
តើមានអ្វីកើតឡើងប្រសិនបើលោក Edward Snowden និងលោក Julian
Assange ត្រឹមត្រូវ? ខ្ញុំគិតថាលោក ត្រាំ
គួរលើកលែងទោសដល់ពួកគេទាំងពីរនៅក្រោមហេតុផលថាពួកគេបានដាក់ខ្លួនឯងឲ្យស្ថិតក្នុងហានិភ័យខ្លាំងដើម្បីបង្ហាញពីអ្វីដែលបានកើតឡើងក្នុងរដ្ឋបាលអូបាម៉ានៅពេលវាផ្ទុយនឹងរដ្ឋធម្មនុញ្ញ
និងទិដ្ឋភាពនៃការប្រឆាំងពលរដ្ឋនៃចក្រភពត្រួតត្រាជាសកលរបស់អាមេរិកដែលបានឆ្លងកាត់ល្បែងប្រឆាំងនឹងគូប្រជែងរហូតមិនអាចគ្រប់គ្រងបាន។
លោក Henry Kissinger ភ្លាមៗបន្ទាប់ពីជំនួបប្រជុំជាមួយលោក ត្រាំ
បានបង្ហាញខ្លួននៅលើកញ្ចក់ទូរទស្សន៍
CNNនិងបានចង្អុលបង្ហាញពីលក្ខណពិសេសរបស់លោក ត្រាំ
ក្នុងនាមជាប្រធានាធិបតីនៅក្នុងប្រវត្តិសាស្ត្រសម័យទំនើបនេះពីព្រោះគាត់មិនបានជំពាក់គុណនរណាម្នាក់សម្រាប់ការទទួលជ័យជម្នះក្នុងការបោះឆ្នោតធ្វើជាប្រធានាធិបតីរបស់គាត់ទេគឺមានតែខ្លួនគាត់ផ្ទាល់តែប៉ុណ្ណោះ។
ប្រហែលនេះជាមូលហេតុដែលមន្ត្រីសហគមន៍ស៊ើបការណ៍សម្ងាត់មានការភ័យខ្លាច។
ពិតណាស់គឺពួកគេគួរតែភ័យខ្លាច។
វាជារឿងសមហេតុផល
និងចាំបាច់បំផុតសម្រាប់ប្រធានាធិបតីជាប់ឆ្នោតលោក ត្រាំ
ក្នុងការគ្រប់គ្រងរដ្ឋាភិបាលសហរដ្ឋអាមេរិកដែលលោកត្រូវបានគេបោះឆ្នោតជ្រើសរើសឱ្យដឹកនាំ
និងដើម្បីកែច្នៃទ្រង់ទ្រាយឡើងវិញតាមគ្រប់វិធីដែលគាត់នឹងសម្រេចថា
តើវិធីសាស្ត្រណាមួយដែលមានប្រសិទ្ធភាពបំផុត?
កន្លែងដំបូងត្រូវចាប់ផ្តើមគឺក្រុមផ្តល់សេវាស៊ើបការណ៍សម្ងាត់នេះតែម្តងដែលសមាជិករបស់គេបានធ្វើអ្វីៗគ្រប់យ៉ាងដើម្បីកម្ចាត់លោក
ត្រាំ។
ពលរដ្ឋអាមេរិកាំងសហគមន៍ស៊ើបការណ៍សម្ងាត់សម្ព័ន្ធមិត្ត
និងប្រជាពលរដ្ឋទាំងអស់នៅក្នុងពិភពលោកទាំងមូលគួររំពឹងលើលោក
ត្រាំ ថាលោកនឹងចាត់វិធានការយ៉ាងស្ងាត់ស្ងៀម
និងដាច់ខាតដើម្បីកម្ចាត់ការប្រឆាំងណាមួយដែលកើតពីសេវាកម្មស៊ើបការណ៍សម្ងាត់របស់គាត់គឺដូចអ្វីដែលគាត់ធ្លាប់យកឈ្នះក្បាលម៉ាស៊ីននយោបាយលោកស្រី
ហ៊ីឡារី គ្លីនតុន និងកម្ទាត់លោក អូបាម៉ា
ចេញដើម្បីបង្កើតប្រវត្តិសាស្ត្រថ្មីមួយជាដើម៕
លោក Stuart Alan Becker គឺជាអ្នកនិពន្ធ និងជាអ្នកកាសែតមានមូលដ្ឋាននៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
លោកបានធ្វើបទសម្ភាសជាមួយអតីតនាយករង MI5 លោក Peter Wright
ជាអ្នកបានចេញផ្សាយសៀវភៅ Spycatcher
ដែលបានជាប់កំណត់ត្រាជាប្រវត្តិសាស្ត្រលក់ដាច់បំផុតហើយក៏ធ្លាប់បានសម្ភាសជាមួយអតីតប្រធាន
CIA លោក William Colby ផងដែរ
ដែលក្រោយមកបានស្លាប់នៅក្នុងអ្វីដែលត្រូវបានគេហៅថាគ្រោះថ្នាក់ពេលជិះទូកចែវ
Canoeing។
ទន្ទឹមនឹងនេះលោកក៏មានចំណងមិត្ដភាពយូរអង្វែងជាមួយលោក
Phillip Knightley
ជាអ្នកកាសែតជនជាតិអូស្ត្រាលីមានមូលដ្ឋាននៅទីក្រុងឡុងដ៍ដែលទើបស្លាប់នាពេលថ្មីៗនេះដែលលោកប្រហែលជាអ្នកសរសេររឿងចារកម្ម
និងរបាយការណ៍ស៊ើបអង្កេតល្អបំផុតក្នុងសតវត្សរ៍ទី ២០។
លោក Becker ក៏បានសម្ភាសលោក ដូណាល់ ត្រាំ
ផងដែរនៅឯការិយាល័យរបស់លោកក្នុងអគារ Trump Tower នៅក្នុងឆ្នាំ
១៩៩៦ កន្លងទៅហើយលោកក៏ធ្លាប់បានរៀបរាប់ថាលោក ត្រាំ គឺជា
«មនុស្សដែលគួរឲ្យចាប់អារម្មណ៍
និងជាមនុស្សប្រកបដោយគុណធម៌បំផុតមួយរូបផងដែរ»៕ Source: Phnom Penh Post
No comments:
Post a Comment