១. កំណត់ពីលក្ខណៈសម្បត្តិដៃគូជីវិតដែលចង់បាន
២. ដឹងពីខ្លួនឯងច្បាស់
៣. ចំណាយពេលដើម្បីពិភាក្សាក្រោយរៀបការហើយ
៤. សួរ១សំណួរក្រោយពេលមានសមត្ថភាពទាំងពីរនាក់ប្ដីប្រពន្ធ
៥. បង្កើតគោលនយោបាយពីរនាក់ប្ដីប្រពន្ធ
ក្រោយរៀបការហើយ
ស្វាមីភរិយាមិនមែនចង់បានតែលុយសល់ពីចំណងដៃនោះទេ។
មានស្វាមីភរិយាជាច្រើន
ក្រោយរៀបការរួចសល់លុយនិងមានអាជីវកម្មពីរនាក់ប្ដីប្រពន្ធ។
តើគួររៀបចំផែនការដូចម្ដេច? ទើបរៀបការរួចសល់លុយហើយ
មានរបររកស៊ីទៀត?
ខាងក្រោមនេះជាការផ្ដល់បទសម្ភាសន៍ដោយផ្ទាល់ពី លោក ខាំ
ពិសិដ្ឋ ម្ចាស់ក្រុមហ៊ុន PM LEADERSHIP
ក្នុងឱកាសដែលលោកធ្វើជាវាគ្មិនក្នុងកម្មវិធី "ស្ថាបនាធនធាន
(Wealth Building)" នៅសណ្ឋាគារសុខាភ្នំពេញ។
១. កំណត់ពីលក្ខណៈសម្បត្តិដៃគូជីវិតដែលចង់បាន
លោក ខាំ ពិសិដ្ឋ ដែលមានអាជីវកម្មរួមគ្នាជាមួយភរិយារបស់លោក
បានប្រាប់ថា មុនសម្រេចជ្រើសរើសនរណាម្នាក់ជាដៃគូជីវិត
ត្រូវកំណត់ថា ចង់បានស្វាមី
ឬភរិយាមានលក្ខណៈសម្បត្តិយ៉ាងម៉េចខ្លះ?
ដើម្បីផ្សារភ្ជាប់ជាមួយគោលដៅជីវិតរបស់ខ្លួនដែលបានកំណត់
ថាតើអនាគតទៅចង់បានអ្វី? ចង់មានអ្វី?
លោកបន្តទៀតថា ត្រូវសួរខ្លួនឯងថា
ចង់បានមនុស្សប្រភេទណាជាគូរអនាគត ដើម្បីរួមចំណែកក្នុងជីវិត
ដើម្បីសម្រេចគោលដៅដែលបានកំណត់ និងទទួលបាននូវភាពជោគជ័យ។
ដូច្នេះហើយត្រូវកំណត់ពីគុណសម្បត្តិ នៃដៃគូជីវិត
ថាតើម្នាក់នោះអាចជួយឱ្យជីវិតក្រោយរៀបអាពាហ៍ពិពាហ៍ល្អប្រសើរឬទេ?
២. ដឹងពីខ្លួនឯងច្បាស់
សហគ្រិនឆ្នើមក្នុងអាជីវកម្មរូបនេះ លើកឡើងទៀតថា
ចំណុចដែលសំខាន់មួយទៀតនោះគឺត្រូវសួរខ្លួនឯងថា
តើដៃគូជីវិតដែលសម្រេចចិត្តជ្រើសរើសនោះ
មានអ្វីដែលខ្លួនចង់បានហើយឬនៅ? ហើយក៏ត្រូវសួរខ្លួនឯងវិញថា
"តើយើងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ដៃគូជីវិតយើងវិញដែរឬទេ?”
ដូច្នេះហើយក្នុងនាមជាស្វាមីភរិយា
ត្រូវមានគុណសម្បត្តិដូចគ្នាពីព្រោះថាភាគីណាម្នាក់ពុំមានគុណសម្បត្តិស្របគ្នានោះក៏ជាបញ្ហាដែរ។
លោក ខាំ ពិសិដ្ឋ ប្រាប់ថា កាលណាគូស្វាមីភរិយា
មានលក្ខណៈសម្បត្តិស្របគ្នា នោះទើបជំរុញឱ្យមានការអភិវឌ្ឍ
ធ្វើអ្វីស្របគ្នា ទើបគ្រួសារមានភាពរីកចម្រើន។
៣. ចំណាយពេលដើម្បីពិភាក្សាក្រោយរៀបការហើយ
សហគ្រិនភាពកំពុងជោគជ័យលើមុខជំនួញរូបនេះ បន្តទៀតថា
ក្នុងភាពជាស្វាមីភរិយា
ត្រូវពិភាក្សាគ្នាក្រោយរៀបការពីរនាក់ប្ដីប្រពន្ធថា
តើគួរធ្វើការរយៈពេលប៉ុន្មានដើម្បីមានអ្វីដែលជារបស់ខ្លួនឯង។
លោក ខាំ ពិសិដ្ឋ ប្រាប់ថា
ពេលដែលកំពុងធ្វើការត្រូវចាប់ផ្ដើមកំណត់ពីគោលដៅឱ្យហើយ
បូករួមការអភិវឌ្ឍសមត្ថភាពកំឡុងពេលធ្វើការ។
ដូច្នេះត្រូវកំណត់ពីនាក់ប្ដីប្រពន្ធថា ចង់រកស៊ីអ្វី?
ក្រោយពេលធ្វើការឱ្យគេហើយ?
លោកបន្ថែមទៀតថា ពីរនាក់ប្ដីប្រពន្ធត្រូវ
រៀបចំផែនការអភិវឌ្ឍសមត្ថភាព ដូចជា
ការរាប់អានមិត្តភក្ដិដែលជាអ្នករកស៊ី
ការអានសៀវភៅមុខជំនួញផ្សេងៗ
ឬចូលរួមកម្មវិធីនានាពីរនាក់ប្ដីប្រពន្ធដែលពាក់ព័ន្ធនឹងការធ្វើអាជីវកម្ម
និងសិក្សាពីអ្នកជោគជ័យជាដើម។
៤. សួរ១សំណួរក្រោយពេលមានសមត្ថភាពទាំងពីរនាក់ប្ដីប្រពន្ធ
លោក ខាំ ពិសិដ្ឋ ប្រាប់ថា
សំណួរនេះពិតជាសំខាន់ណាស់ក្រោយពេលទាំងពីរនាក់ប្ដីប្រពន្ធមានសមត្ថភាពរៀងខ្លួនហើយ។
មកដល់ចំណុចនេះមានន័យថា
ស្វាមីភរិយាគួរហ៊ានប្រថុយនៅក្នុងការរកស៊ី ប៉ុន្តែត្រូវសួរថា
តើនរណាមានប្រាក់ខែច្រើនជាង?
លោកប្រាប់ថា
គួរទុកឱ្យអ្នកមានប្រាក់ខែច្រើននៅធ្វើការធម្មតា។
ដោយឡែកសម្រាប់អ្នកប្រាក់ខែតិច
ត្រូវចេញមុនដើម្បីគ្រប់គ្រងអាជីវកម្ម ហើយអ្នកប្រាក់ខែច្រើន
គួរនៅធ្វើការ រួចហើយជួយនៅគាំទ្រពីក្រោយខ្នង។
ចំណុចនេះពិតជាសំខាន់ណាស់ ព្រោះថា
ប្រសិនបើអាជីវកម្មមានបញ្ហាអ្នកប្រាក់ខែច្រើននៅរកប្រាក់ចំណូលដើម្បីទប់ទល់ជីវភាព
នៅពេលដែលក្រុមហ៊ុនមានលំនឹងហើយអាចចេញមកទាំងពីរនាក់
ធ្វើយ៉ាងឱ្យអាជីវកម្មកាន់តែរីកចម្រើន។
៥. បង្កើតគោលនយោបាយពីរនាក់ប្ដីប្រពន្ធ
លោក ខាំ ពិសិដ្ឋ បានប្រាប់ថា
នេះជាបទពិសោធន៍ដែលលោកឆ្លងកាត់ពីរនាក់ភរិយារបស់លោកផ្ទាល់។
ភាពជាស្វាមីភរិយា
ត្រូវមានផែនការគ្រប់គ្រងប្រាក់ចំណូលឱ្យបានច្បាស់លាស់
មានន័យត្រូវត្រូវបង្កើតគោលនយោបាយហិរញ្ញវត្ថុ ទាំងនៅក្នុងគ្រួសារ
និងនៅក្នុងក្រុមហ៊ុន។ ប្រសិនបើមិនបានរៀបចំផែនការលុយកាក់
ឬគោលនយោបាយហិរញ្ញវត្ថុនេះទេ អាចនាំឱ្យមានបញ្ហាហិរញ្ញវត្ថុ
ហើយវាក៏ជាហានិភ័យមួយដែរ សម្រាប់ស្វាមីភរិយាដែលមានអាជីវកម្ម៕
ប្រភព
No comments:
Post a Comment